អ្នកស្រីយ៉ោម ប៉ុប្ផា កំពុងរៀបចំប្តឹងសារព័ត៌មានក្នុងស្រុកមួយចំនួន

Yorm Bopha

អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានគេស្គាល់ថា ជាសកម្មជនដីធ្លីដ៏សកម្មម្នាក់ កំពុងរៀបចំឯកសារប្តឹងសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សាយព័ត៌មានមិនពិត បំផ្លើស ក្នុងបំណងបង្ខូចកេរ៌្តឈ្មោះរបស់អ្នកស្រី។
បន្ទាប់ពីមានការលែងលះពីស្វាមីរបស់អ្នកស្រីយ៉ោម បុប្ផា បណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន ដូចជាការសែតដើមអំពិល របស់លោក សយ សុភាព ជាដើម បានផ្សាយបង្ខូចកិត្តយសរបស់អ្នកស្រី ដោយចោទថា ការលែងលះនេះ គឺមកពីបញ្ហាសាហាយស្មន់ តែធាតុពិត អ្នកស្រីបានបកស្រាយជាសារធាណៈរួចមកហើយថា មូលហេតុនៃការលែងលះនេះ គឺការរស់នៅមិនចុះសំរុងហ្នឹងគ្នា ដោយស្វាមីអ្នកស្រី មិនព្រមអោយអ្នកស្រី ធ្វើសកម្មភាពខ្លាំងក្លាដូចពីមុន។
អ្នកស្រី យ៉ោម បុប្ផា បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា៖ រឿងរ៉ាវដែលកើតឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែមករា នោះ គឺអតីតស្វាមីលោក លួស សាខន បានមកផ្ទះអ្នកស្រី ដោយបានឃាត់អ្នកស្រីមិនឲ្យចេញពីផ្ទះ ដើម្បីទៅចូលរួមគាំទ្រមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា នៅខាងមុខតុលាការក្រុងភ្នំពេញ។