ពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបាត់បង់ជីវិតដោយអាជា្ញធរបង្រ្កាប

Capture

ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ កម្មករ​បួន​នាក់​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កង​កម្លាំង​ប្រដាប់​ អាវុធ​រដ្ឋាភិបាល​ចេញ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​នៅតាម​បណ្ដោយ​ផ្លូវ​វេងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា កន្លង​ទៅ។

ព្រះសង្ឃ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​សព​កម្មករ​ទាំង​បួន​នាក់​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​ចូល​រួម​ធ្វើ​បុណ្យ​នោះ បាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​បួន​នាក់​ដែល​បាន​ស្លាប់​ ក្នុង​បុព្វហេតុ​ទាមទារ​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារ​ឲ្យ​បាន​ទៅ​ដល់​សុគតិភព។

ក្នុង​ពិធី​នោះ អ្នក​ចូល​រួម​ក៏​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ដែល​បាញ់​ សម្លាប់​កម្មករ​យក​មក​ផ្ដន្ទាទោស និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​មួយ​ចំនួន​ទៀត។

ម្ដាយ​សព​កម្មករ​ម្នាក់​ក្នុង​ចំណោម​សព ៤​នាក់​នោះ លោកស្រី សំ ថៃ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។ លោកស្រី​បាន​សម្ដែង​ការ​មិន​សុខ​ចិត្ត​ដែល​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ ប្រដាប់​អាវុធ​បាញ់​សម្លាប់​កម្មករ​ដូចជា​កូន​គាត់​ដែល​ជា​ជន​ស្លូត​ត្រង់ ហើយ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​នេះ​ឲ្យ​បាន​ឆាប់៖ «សុំ​ឲ្យ​ ក្នុង​ប្រទេស ក្រៅ​ប្រទេស អង្គការ​ខាង​ណាៗ ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​ផង ព្រោះ ហ៊ុន សែន ធ្វើ​នេះ ដូចជា​អយុត្តិធម៌​ពេក អយុត្តិធម៌​មាំ​ណាស់ សម្លាប់​ប្រជាជន​ក្រីក្រ​ខ្មែរ​ដែល​រស់​នៅ​លំបាក​វេទនា អ៊ីចឹង​ខ្ញុំ​ដូចជា​មិន​អស់​ចិត្ត​នឹង​កូន​ខ្ញុំ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មករា ថា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ​រួច​ហើយ និង​កំពុង​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ផ្ទុះ​អំពើ​ហិង្សា​នៅ​ លើ​ដង​ផ្លូវ​វ៉េងស្រេង ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ថ្ងៃ​ទី​៣ មករា។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ពិធី​បុណ្យ មាន​ថេរដីកា​ក្នុង​ពិធី​បុណ្យ​នោះ​ថា ការ​ធ្វើ​ពិធី​បុណ្យ​ផ្សាយ​មេត្តា​ធម៌​នេះ អាច​ជួយ​រំលត់​ភ្លើង​ហិង្សា​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​កំពុង​អនុវត្ត​មក​លើ ​កម្មករ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អ្នក​ដទៃ​ទៀត​ដោយ​មិន​រើស​មុខ​ដូច​សព្វ​ថ្ងៃ​នេះ និង​ជួយ​ឲ្យ​សង្គម​ទាំង​មូល​មាន​សុខ​សន្តិភាព។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «មធ្យោបាយ​យើង​ធ្វើ​បាតុកម្ម គេ​បង្ក្រាប យើង​តវ៉ា​រក​យុត្តិធម៌​បាន​ប្រាក់ខែ​សមរម្យ​គេ​សម្លាប់​ចោល ដូច្នេះ​មធ្យោបាយ​ពុទ្ធ​សាសនា​មាន​តែ​ផ្សាយ​មេត្តា​ធម៌ អប់រំ​ផ្លូវ​ចិត្ត​ទេ ហើយ​ពុទ្ធ​សាសនា​មាន​តែ​ការ​រួម​គ្នា​ធ្វើ​បុណ្យ​ទេ​ទើប​បាន​សុខ ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​បុណ្យ​ថ្ងៃ​នេះ»