លោក ស៊ូប៊ែឌី ថ្កោលទោសរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបបាតុករ

image

លោក សុរិយា ស៊ូប៊ែឌី ថ្កោល​ទោស​ម្ដង​ទៀត ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​បាតុកម្ម បណ្ដាល​ឱ្យ​បាតុករ ៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មករា។ ទន្ទឹម​គ្នា​នឹង​ការ​ថ្កោលទោស​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ព្រឹត្តិការណ៍​ បាញ់​ប្រហារ​បាតុករ​នោះ។

លោក សុរិយា ស៊ូប៊ែឌី៖ «ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ដែរ ខ្ញុំ​សុំ​ឱ្យ​ស៊ើប​ឱ្យ​បាន​ម៉ត់ចត់ ដែល​អាច​ជឿ​បាន និង​ហើយ​ការ​ស៊ើបអង្កេត​នេះ និង​ត្រូវ​តែ​ជា​ការ​ស៊ើប​អង្កេត​មួយ​ឯករាជ្យ»

លោក​ផ្ដល់​អនុសាសន៍​ថា ការ​ស៊ើបអង្កេត​នោះ គឺ​ត្រូវ​ស៊ើប​រក​អ្នក​ចេញ​បញ្ជា និង​អ្នក​អនុវត្ត​បទ​បញ្ជា​ឱ្យ​បាញ់​ប្រហារ​បាតុករ។ ប្រសិន​បើ​មិន​មាន​បញ្ជា​ទេ អ្នក​ដែល​ប្រើ​អាវុធ​បាញ់​ប្រហារ​នោះ ត្រូវ​តែ​បាន​នាំ​ទៅ​តុលាការ​ជំនុំជម្រះ​ទោស។

ការ​ថ្កោលទោស និង​ទទូច​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នេះ គឺ​លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​នឹង​បញ្ចប់​ទស្សនកិច្ច​លើក​ទី​១០ របស់​លោក នៅ​រសៀល​ថ្ងៃ​ទី​១៦ មករា ដើម្បី​ស្វែងរក​ការ​ពិត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ហេតុផល​ដែល​លោក សុរិយា ស៊ូប៊ែឌី វាយ​តម្លៃ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាតុករ​នោះ ព្រោះ​លោក​ថ្លែង​ថា វិធានការ​ណា​ក៏​ដោយ ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កម្លាំង​និង​អាវុធ គឺ​ត្រូវ​មាន​លក្ខខណ្ឌ​បី​យ៉ាង គឺ​ទី​មួយ ប្រើ​កម្លាំង​នៅ​ពេល​ចាំបាច់​បំផុត ទី​ពីរ​ប្រើ​កម្លាំង និង​អាវុធ​នោះ ស្រប​តាម​ច្បាប់ និង​ទី​បី កម្លាំង និង​អាវុធ ដែល​ត្រូវ​ប្រើ​នោះ ត្រូវ​មាន​សមាមាត្រ។ ដូច្នេះ​នៅ​ពេល​ដែល​ណា​លោក​វាយ​តម្លៃ​លើ​ការ​ប្រើប្រាស់​កម្លាំង និង​អាវុធ គឺ​លោក​ពិនិត្យ​មើល​វិធានការ​ដែល​ផ្ទុយ​នឹង​លក្ខខណ្ឌ​ទាំង​៣ នេះ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ «យោបល់​ខ្ញុំ វិធី​ដែល​បាន​ប្រើប្រាស់​មក​ទាំង​ប៉ុន្មាន​នេះ មិន​បាន​ជាប់​តេស្ត​ច្បាប់​អន្តរជាតិ​ទេ»

ទាក់ទង​នឹង​ចំនួន​អ្នក​ស្លាប់ និង​របួស​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បាតុកម្ម នៅ​ផ្លូវ​វ៉េងស្រេង ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ មករា នោះ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់ និង​ទទូច​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ចំនួន ២៣​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ជាពិសេស អ្នក​ដែល​ត្រូវ​ការ​ព្យាបាល​សុខភាព​ជា​បន្ទាន់។ ក្នុង​ករណី​ដែល​មិន​ដោះលែង លោក​ទទូច​ឱ្យ​យក​អ្នក