សហរដ្ឋអាមេរិកគំរាមកាត់ជំនួយនៅកម្ពុជា

9FF5719B-CAAC-4AED-9021-AD20A7D9E0D1_mw1024_n_s

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ សហគមន៍​អន្តរជាតិ។

សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ថវិកា​នេះ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​មក​ឲ្យ​កម្ពុជា។

អាមេរិក នឹង​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នោះ​ទេ លុះ​ណា​តែ​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក អាច​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ ឯករាជ្យ និង​លុះ​ណា​តែ​មាន​ការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឬ​លុះ​ណា​តែ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​មក យល់​ព្រម​ចូល​សភា។ មួយ​វិញ​ទៀត រដ្ឋសភា​ក៏​ត្រូវ​ដំណើរ​ការ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា បាន​ឲ្យ​ដឹង​ថា សភា​សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ឯករាជ្យ និង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។ លើស​ពី​នេះ សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជា​បន្ទាន់​ប្រជាពលរដ្ឋ​ចំនួន ២៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ច្បាប់​ខ្លួន និង​ត្រូវ​បោះ​បង់​ចោល​ការ​កោះ​ហៅ លោក សម រង្ស៊ី លោក កឹម សុខា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឡើង​តុលាការ​បន្ត​ទៀត។

ការ​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ផ្អាក​ជំនួយ​មក​កម្ពុជា និង​ការ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ព្រមៗ​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​មក​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី។