ការសុំពន្យាពេលជួបតំណាងក្រសួងព័ត៌មានរបស់លោកតា ម៉ម សូណង់ដូ

95e89281-27f7-458b-8974-59342d4f72a8

ក្រសួង​ព័ត៌មាន បាន​ដាក់​លិខិត​កោះ​ហៅ លោក ម៉ម សូណង់ដូ នៅ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ធ្វើ​បាតុកម្ម​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទាមទារ​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​សុំ​ដំឡើង​ការ​ផ្សាយ​បន្ត​តាម​ខេត្ត តែ​ត្រូវ​បាន​ក្រសួង​បដិសេធ​កន្លង​មក។

លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​ព័ត៌មាន វិញ​នៅ​ថ្ងៃ​ទី​១៧ មករា សុំ​ពន្យារ​ពេល​ការ​ជួប​ពិភាក្សា​ទៅ​ចុង​សប្ដាហ៍​ក្រោយ។

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មករា នេះ លោក​បាន​ឲ្យ​សហការី​របស់​លោក ដាក់​លិខិត​ជូន លោក ប៊ុត បូវុធ ដើម្បី​សុំ​ពន្យារ​ពេល​ការ​ជួប​ទៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ខាង​មុខ ម៉ោង ២ និង ៣០​នាទី ពីព្រោះ​លោក​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស​មក​ដល់​កម្ពុជា វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ។ លោក ម៉ម សូណង់ដូ បញ្ជាក់​ថា ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។