គណបក្ស សង្រ្គោះជាតិ បានចេញលិខិតចំហ មួយជាភាសាអង់គ្លេសដល់អ្នកទិញផលិតផលនៅកម្ពុជា

image

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល កុំ​គាំទ្រ​ផលិតផល​ធ្វើ​នៅ​កម្ពុជា ណា​ដែល​ប្រឡាក់ប្រឡូស​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច។

ក្នុង​លិខិត​ចំហ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​សកល​លោក​ថា អ្នក​ទាំង​នោះ គួរ​តែ​មាន​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​ដោយ​យោធា និង​នគរបាល បង្ក្រាប​កម្មករ​អ្នក​តវ៉ា ដែល​បណ្ដាល​ឱ្យ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា។

លិខិត​បន្ត​ថា សហគមន៍​សាជីវកម្ម និង​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទាំង​អស់ កំពុង​ដើរ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​មួយ ដោយ​គាំទ្រ​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ និង​ដោយ​ឯករាជ្យ​លើ​ការ​បង្ក្រាប​បាតុកម្ម​ថ្មីៗ​នេះ។

ការ​ចេញ​លិខិត​នេះ គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ការ​ប្រើ​អាវុធ និង​កម្លាំង​ហួសហេតុ​បង្ក្រាប ដែល​បណ្ដាល​ឱ្យ​ស្លាប់ ៤​នាក់ និង​ជា​ច្រើន​នាក់​រង​របួស។

លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​របស់​កម្មករ គឺ​ជា​ការ​ទាមទារ​សមហេតុផល។ ការ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ឈ្នួល ដែល​ផ្ដល់​តម្លៃ​ដល់​កម្មករ គឺ​ជា​សិទ្ធិមនុស្ស។ ដំណោះស្រាយ អាច​រក​បាន​នៅ​ពេល​ណា​កម្មករ និង​ថៅកែ​អាច​ចរចា​គ្នា​ដោយ​សុទ្ធចិត្ត គឺ​មិន​មែន​ចរចា​ក្នុង​បរិយាកាស​ប្រើ​ហិង្សា បំភិតបំភ័យ និង​ប្រព័ន្ធ​តុលាការ​ពុករលួយ ដែល​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព​ដែល​ក្រោក​ឈរ​ដើម្បី​យុត្តិធម៌​នោះ​ទេ។

ដើម្បី​ឈាន​ទៅ​មុខ​បាន ត្រូវ​តែ​បង្កើត​ឱ្យ​មាន​យន្តការ​កំណត់​ប្រាក់​ឈ្នួល​មួយ។ យន្តការ​នេះ​ត្រូវ​មាន​តម្លាភាព គឺ​មាន​ជម្រើស​ឱ្យ​ថៅកែ​រោងចក្រ​ចរចា​ផ្ទាល់​ជាមួយ​កម្មករ ជាជាង​តាម​រយៈ​រដ្ឋាភិបាល ឬ​សមាគម​រោងចក្រ។ លើស​ពី​នេះ​ទៀត គួរ​តែ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​លើក​ទឹកចិត្ត​មួយ សម្រាប់​ឱ្យ​រោងចក្រ​ដែល​ជា​អ្នក​ផ្គត់ផ្គង់ អនុវត្ត​តាម​អនុសាសន៍​នៃ​កម្មវិធី​រោងចក្រ​កម្ពុជា​ល្អ​ប្រសើរ​របស់​អង្គការ ​អន្តរជាតិ​ខាង​ការងារ។ របាយការណ៍​របស់​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ គួរ​តែ​ផ្សាយ​ជា​សាធារណៈ សម្រាប់​ឱ្យ​អ្នក​ផ្គត់ផ្គង់ និង​រោងចក្រ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​បញ្ជា​ទិញ កម្មករ អ្នក​ប្រើប្រាស់ និង​សាធារណជន។

ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​លើ​ពិភពលោក ត្រូវ​តែ​បញ្ជូន​សារ​ម៉ឺងម៉ាត់​មួយ ដោយ​មិន​អត់​អោន​ដាច់​ខាត​ចំពោះ​អំពើ​ពុករលួយ​ ពេល​ទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​សមាគម​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង។ កម្រិត​មហា​ពុករលួយ​នៅ​ប្រទេស​កម្ពុជា គឺ​បាន​ធ្វើ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ នៅ​ខណៈ​ដែល​ប្រាក់ឈ្នួល​ថោក និង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ល្អ​ប្រសើរ និង​ថ្លៃថ្នូរ​សម្រាប់​ពលរដ្ឋ​គ្រប់រូប។