​មន្ត្រី​រដ្ឋាភិបាល​ថា ៖ការសម្រេច​ផ្អាក​ផ្តល់​មូលនិធិ​មួយចំនួន​របស់សហរដ្ឋ​អាមេរិក​មក​កម្ពុជា ​គឺ​មិន​ត្រឹមត្រូវ​​

images

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លើកឡើងថា ការ​សម្រេច​ផ្អាក​មូលនិធិ​មួយចំនួន​របស់​អាមេរិក​មក​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​ទៅលើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ បោះឆ្នោត​​ឆ្នាំ​២០១៣ ជា​ការ​មិន​ត្រឹមត្រូវ​។​

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី កាសែត ​The Cambodia Daily​ ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា ចុះហត្ថលេខា​លើ​សេចក្តីព្រាង​ថវិកា​ផ្អាក​ការផ្តល់​មូលនិធិ​ផ្ទាល់ មក​រដ្ឋាភិបាល​កម្ពុជា ចំនួន​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ កាលពី​ថ្ងៃសុក្រ​ចុង​​សប្តាហ៍​​មុន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​កម្ពុជា អនុវត្ត​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​គួរឲ្យ​ទុកចិត្ត​មួយ ​ទៅ​លើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ដោយ​មាន​ការ​ឯកភាព​​គ្នា​ពី​គណបក្ស​សង្គ្រោះ​​ជាតិ ហើយ​បក្ស​នេះ​ទទួលយក​អាសនៈ​របស់​ខ្លួន ទើប​អាមេរិក​ផ្តល់​មូលនិធិ​ឡើងវិញ​។

អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន  ថ្លែងថា ការប្រកាស​​ផ្អាក​មូលនិធិ​នេះ ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក តែ​ហាក់​មិន​ត្រឹមត្រូវ​នោះ​​ទេ​។ លោក​ថា រដ្ឋាភិបាល​អាមេរិក​មិន​គួរ​យក​លុយ​ មក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដូច្នេះ​នោះទេ​ ​«ហើយ​អ្វីៗ​ដែល​ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការវិនិច្ឆ័យ​នៃ​ភាព​មិនប្រក្រតី នៃ​ការបោះឆ្នោត គឺ​បាន​ចែង​​នៅក្នុង​ច្បាប់ ហើយ​អ្វី​ដែល​មាន​ការកែប្រែ​ទាល់តែ​បង្កើត​ច្បាប់​។ ហេតុដូច្នេះ​ការ​យក​លុយ​មក​ដាក់​គំនាប​មកលើ​ប្រជាជាតិ​មួយ​ដែល​កំពុងតែ​ ពង្រឹង​ខ្លួន​​ពី​ការអភិវឌ្ឍ​​មួយ​ទៅ​លើ​លទ្ធិ​ប្រជាធិតេយ្យ​គឺ​វា​​មិន​ សមស្រប​ទេ អាហ្នឹង​យើង​មិន​អាច​កែ​ច្បាប់​យើង​ដើម្បី​ទទួល​លុយ​បានទេ​​»។

​លោក ផៃ ស៊ីផា​ន បន្ថែមថា ជំនួយ​ផ្ទាល់មក​រដ្ឋាភិបាល​​កម្ពុជា  មាន​ជំនួយ​ទៅលើ​យោធា ការអភិវឌ្ឍ​​​លទ្ធិ​ប្រជាធិប​​តេយ្យ និង​សេដ្ឋកិច្ច​។ លោក​ថា ដោយ​ឡែក​ជំនួយ​មួយ​ភាគ​ធំ ​គឺ​​ផ្តល់​ទៅ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​។​